កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា - wat ketanak
Headlines News :
Home » » កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា

កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា

Written By kkaba on Monday 21 January 2013 | 17:34

តាំង​ពី​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​ទៅ​ពុំ​ទាន់​មាន​ប្រទេស​ពុទ្ធសាសនិក​ណា​មួយ​បាន​ផ្តើម​បង្កើត​ទង់​ព្រះ​ពុទ្ធសាសនា​ឱ្យ​មាន​រូប​រាង​ឡើង​ពិត​ប្រាកដ​ដូច​ក្នុង​ប្រពៃណី​ឯ​ទៀត​ឡើយ​នោះ​ទេ​។
លុះ​ដល់​ថ្ងៃ​អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស ២៤៩៤ ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ មិថុនា គ.ស ១៩៤០(?) ទើប​ពុទ្ធិក​ប្រទេស​ទាំង ២៩ មាន​ប្រទេស​ស្រី​លង្កា​ជា​ដើម បាន​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក ហើយ​បាន​ធ្វើ​សន្និ​សីទ​លើកទី ១ នៅ​ប្រទេស​ស្រី​លង្កា ដែល​មាន​គណៈ​ប្រតិភូ​ខ្មែរ​យើង មាន​សម្តេច​ព្រះ​មហាសុមេធា​ធិបតី ជួន ណាត ជោតញ្ញាណោ សង្ឃនា​យក​គណៈ មហា​និកាយ​​ជា​ប្រធាន​ទៅ រួម​ប្រជុំ​ផង បាន​មូល​មតិ​គ្នា​បង្កើត​ទង់​សាសនា​ឡើង​ហៅថា ទង់​ពុទ្ធិក សមាគម​ពិភព​លោក​(​តាមលក្ខន្តិកៈ​នៃ​សមាគម​ដែល​មាន​ ២៧ មា​ត្រា) ត្រង់​មាត្រា​២៦​ ចែង​ថា៖

“ទង់​របស់​ពុទ្ធិក​សមាគម​ពិភព​លោក ជា​ទង់​មាន​ពណ៌ ៦​ តម្រូវ​នឹង​ឆព្វណ្ណ​រង្សី របស់​ព្រះ​សម្ពុទ្ធ​ជា ម្ចាស់​ ជា​មូល​ដ្ឋាន​តាំង​គំរូ ដែល​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ការ​បាន​ធ្វើ​ហើយ” ដូច្នេះ​ទង់​ពុទ្ធ​សាសនា ក៏​បាន​ឧបត្តិក​ឡើង​ជា​ស្ថាពរ​តាំង​ពី​កាល​នោះ​មក ។ ទង់​ពុទ្ធ​សាសនា​មាន​ប្រាំ​មួយ​ពណ៌​នោះ​គឺ ៖

១- ពណ៌​ខៀវ ២- ពណ៌​លឿង ៣- ពណ៌​ក្រហម ៤- ពណ៌​ស ៥- ពណ៌​ហង្សបាទ (ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស) ៦- ផ្លេក​ (ពណ៌ផ្លេកគឺ ពន្លី​ពេជ្រ គឺ​គេ​យក​ពណ៌​ទាំង​ ៥ ខាង​ដើម​មួយ ៗ មក​ដាក់​បញ្ចូល​គ្នា​ក្នុង​ផ្ទាំង ទី ​៦ នេះ​ជា​ពណ៌​មួយ) ។

ព្រះ​បរម​លោក​នាថ ព្រះ​អង្គ​មាន​រស្មី ៦ ពណ៌ ផ្សាយ​ចេញ​ពីវរ​កាយ​យ៉ាង​នេះ​ដោយ​លទ្ធផល​នៃ​ទាន​បរមត្ថ​បារមី ដែល​ព្រះ​អង្គ​បាន​សាង​មក​ពី​អតីត​ភាព​យ៉ាង​អស្ចារ្យ ហើយ​ដែល​មិន​អាច​ឱ្យ​អ្នក​ណា​ម្នាក់​ធ្វើ​ដូច​ព្រះ​អង្គ​បាន​ឡើយ ឯ​រស្មី​មួយ​ៗ ជា​តំ​ណាង​ព្រះ​ជាតិ​របស់​ព្រះ​អង្គ​មួយ​ៗ​ដែរ​ គឺ​ ៖

១-រស្មី​ពណ៌​ខៀវ: ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​បាទ​ស្រី​ភិ​រាស្ត្រ ។ កាល​នោះ ព្រះ​ឥន្ទ្រា​ធិរាជ​បាន និម្មិត​ខ្លួន​ជា​ព្រាហ្មណ៍​ចាស់​ម្នាក់​ចូល​មក​សូម​ព្រះ​នេត្រ​ព្រះអង្គ​ទាំង​គូ  ព្រះ​អង្គ​ទ្រង់​ឆ្កៀល​ព្រះ​នេត្រ​ព្រះ​អង្គ​ទាំ​ងពីរ​ឱយ​ទៅ​ឥន្ទ​ព្រាហ្មណ៍។

២-រស្មី​ពណ៌​លឿង​ ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​វិ​នី​បណ្ឌិត។ កាល​នោះ​ព្រះ ឥន្ទ្រាធិរាជ​បាន​និម្មិត​ខ្លួ​ន​ជា​យក្ស​ធ្វើ​ជា​ជាង​មាស ។ វិនី​បណ្ឌិត​បាន​អារ​សាច់​ខ្លួន​ឱយ​ជាង​មាស ដើម្បី​ផែ​ធ្វើ​ជា​មាស​បិទ​ព្រះ​ពុទ្ធ​រូប ។

​៣-រស្មី​ពណ៌​ក្រហម ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​បទុម​មាណព ។ គ្រា​នោះ មាន​ពស់​មួយ​ប្រកប​ដោយ​ពឹស​ដ៏​ពន្លឹក​ចឹក​មាតា​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​យក​កាំបិត​មក​ពុះ​ទ្រូង លូក បេះ​ដូង​មក​ផ្សំ​ថ្នាំ​មើល​មាតា​ឱយ​បាន​គង់​ជីវិត ។

៤-រស្មី​ពណ៌​ស ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​វេស្សន្តរ​បាន​ប្រទាន​ដំរី មង្គល​មួយ​ឈ្មោះ បច្ច័យនា​គេន្ទ្រ ជា​សត្វ​សម្រាប់​រាជ្យ ដ៏​មាន​អវៈយវៈ​ស​សុទ្ធ​ដល់​ពួក​ព្រាហ្មណ៍​កលិង្គ​រដ្ឋ​។ ពួក​អ្នក​នគរ​ស្រី​ពិ​រាស្ត្រ ក៏​នាំ​គ្នា​ខឹង​បំបរ​បង់​ព្រះអង្គ​ឱយ​ទៅ​នៅ​នា​វង្កត​បព៌ត ។

៥-រស្មី​ពណ៌​ហង្ស​បាទ (ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស) ជា​តំណាង​ព្រះ​អង្គ​កាល​ទ្រង់​សោយ​ព្រះ​ជាតិ ជា វិជ្ឋាធរ ។ មាតា​ព្រះ​អង្គ ត្រូវ​យក្ស​ចាប់​យក​បាន ​ព្រះ​អង្គ​ទ្រង់​អារ​សាច់​ឱ្យ​យក្ស​បរិភោគ​ជំនួស​ជី​វិត​មាតា ។

៦-រស្មី​ពណ៌​ផ្លេក ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ទន្សាយ​ឈ្មោះ សោម​ បណ្ឌិត មាន​ព្រះ​តម្លា​សទ្ធា​ចង់​បំពេញ​ទាន​បរមត្ថ​បារមី។ គ្រា​នោះ​ព្រះ​ឥន្ទ្រា​ធិរាជ បាន​និម្មិត​ខ្លួន​ជា ព្រាហ្មណ៍​ចាស់​ម្នា​ក់​អត់​អាហារ​ដើរ​ចូល​មក។ ទន្សាយ​សោម​បណ្ឌិត បាន​រលាស់​ខ្លួន ៣ ដង ដើម្បី​ឱ្យ​សត្វ​ល្អិត​ជ្រុះ​ចេញ​ពី​រោម​របស់​ព្រះ​អង្គ រួច​ក៏​លោត​ចូល​ក្នុង​ភ្នក់​ភ្លើង​ទៅ ដើម្បី​ចំអិន​សាច់ ព្រះ​អង្គ​ឱ្យ​ដល់​ឥន្ទព្រាហ្មណ៍​បរិភោគ ។​

រស្មី​ទាំង​ ៦ ពណ៌​នេះ បាន​ផ្សាយ​ចេញ​អំពី​ព្រះ​វរ​កាយ​ព្រះ​អង្គ ក្នុង​ពេល​ត្រាស់​ដឹង​នូវ​អនុត្តរ សម្មា​សម្ពោធិ​ញ្ញាណ ក្នុង​ពេល​សំដែង បាដឹហារ្យ​ដើម្បី​កំចាត់​បង់​នូវ​អស្មិមានះ​នៃ​ព្រះ​ញាតិ​របស់ ព្រះ​អង្គ ដែល​មាន​សេចក្តី​សម្គាល់​ថា ព្រះ​អង្គ​ជា​មនុស្ស​នៅ​ក្មេង​មិន​គួរ​គោរព និង ក្នុង​ពេល​ព្រះ​អង្គ​ធ្វើ យមក​បាដិហារ្យ​ផ្ទាញ់​ពួក​និ​គ្រន្ថ​លើ​ដើម​គណ្ឌាម​ព្រឹក្ស (ដើម​ស្វាយ​របស់​នាយ​គណ្ឌៈ) ។

ដូច្នោះ​ហើយ បាន​ជា​ពុទ្ធិក​សមាគម​ពិភព​លោក​ដែល​នៅ​ប្រទេស​ស្រី​លង្កា​លើក​ទី១ នោះ ផ្តើម​ធ្វើ​ទង់​ពុទ្ធសាសនា​មាន ៦ ពណ៌ តម្រូវ​នឹង​ឆព្វណ្ណ​រស្មី​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ។
________________________________________________
រៀបរៀងដោយ សេន រ៉ន សិស្សផ្នែកទំនាក់ទំនងសង្គមជំនាន់ទី ២
ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង
ប្រភព៖ KHMER BUDDHISM: ព្រះពុទ្ធសាសនាខ្មែរ  វីគីភីឌាភាសាខ្មែរ
________________________________________________
(?) ក្នុង​ឯក​សារ​​នានា​​ជា​​ភាសា​​អង់​​គ្លេស​​មិន​​ឃើញ​​មាន​​កាល​​បរិច្ឆេទ ឆ្នាំ​​១៩៤០ ទេ ឃើញ​តែ​ឆ្នាំ​១៩៥០ មិន​​ដឹ​ង​​ថា​​ហេតុ​​ដូច​​ម្តេច​​ក៏​​កាល​​បរិច្ឆេទ​​ខុស​​គ្នា​​ដូច្នេះ​?​

ទុក​ជា​ពុទ្ធិក​សមាគម​ពិភព​លោក​​បាន​កំណត់​ទង់​ព្រះ​ពុទ្ធសាសនា​យ៉ាង​នេះ​ហើយ​ក្តី ក៏​​ប្រទេស​កាន់​ព្រះ​ពុទ្ធសាសនា​លើ​ពិភ​ពលោក​មួយ​ចំនួន​មិន​បាន​យក​តាម​សេចក្តី​សម្រេច​នេះ​ដែរ ដោយ​ប្រទេស​ខ្លះ​យក​ទៅ​កែប្រែ​ពណ៌ ឬ​ទ្រង់​ទ្រាយបែប​ផ្សេង​ ដូច​ជា​ប្រទេស​សៀម​ជា​ដើម មិន​បាន​យក​តាម​ទម្រង់​ទង់​ព្រះ​ពុទ្ធសាសនា​នេះ​ទេ គឺ​គេយក​សញ្ញា​កង​ចក្រ (សញ្ញាអដ្ឋង្គិកមគ្គទាំង៨) ជាទង់​ពុទ្ធសាសនា​សម្រាប់​ប្រទេសគេ។​​  បើ​លោក​អ្នក​ចង់​ស្រាវ​ជ្រាវ​មើល​សេចក្តីពិស្តារ​បន្ថែម​ស្តី​ពី​ប្រវត្តិ​ទង់​ព្រះ​ពុទ្ធសាសនា​ សូម​ចូល​ទៅ​អាន​ក្នុង​បណ្តាញ​វិបសាយ​ជា​ភាសា​អង់គ្លេស​ខាង​ក្រោម​នេះ

ប្រភព៖ http://khmerbuddhism.wordpress.com/2012/02/11/%E1%9E%80%E1%9E%B6%E1%9E%9B%E2%80%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7-%E1%9E%93%E1%9E%B7%E1%9E%84%E2%80%8B%E1%9E%80%E1%9E%B6%E1%9E%9A%E2%80%8B%E1%9E%85%E1%9E%B6/</div>
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Translate

 
Address : | Wat ketanak | Khmer Kampuchea Krom
42 Wynyard Rossmore Ave NSW 2557 Australia
Copyright © 2012. wat ketanak - All Rights Reserved
KHMER KROM AND AUSTRALIA BUDDHIST ASSOCIATION Inc